នៅព្រឹកថ្ងៃសៅរិ៍ទី០៨ ខែតុលា ឆ្នាំ២០២២ គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន ខេមបូឌា បានចូលរួមកម្មវិធីដាំដើមឈើ ដែលរៀបចំទ្បើងដោយក្រុមហ៊ុនអុីអនម៉ល ខេមបូឌា ក្រោមប្រធានបទ “AEON Hometown Forests” មុនពេលការបើកដំណើរការផ្សារទំនើបអុីអនម៉លមានជ័យ ដែលជាផ្សារទំនើបទី៣ និងធំជាងគេមួយក្នុងប្រទេសកម្ពុជា។
កម្មវិធីដាំដើមឈើនេះមានគោលបំណងធ្វើឲ្យផ្សារទំនើបដែលបើកថ្មីពោពេញដោយធម្មជាតិពណ៌បែតង និងដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងតំបន់ ដើម្បីបណ្ដុះគំនិតថែរក្សា និងស្រលាញ់បរិស្ថានទៅកាន់ប្រជាជនរស់នៅជុំវិញ ក៏ដូចជាពិភពលោកទាំងមូល។
កម្មវិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ត្ស៊ុបូយ៉ា ម៉ាសាយុគិ អគ្គនាយក ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូអិលធីឌី គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន (ខេមបូឌា) ខូអិលធីឌី ភ្ញៀវកិត្តិយសមកពីបណ្ដាក្រុមហ៊ុនដៃគូសហការ ប្រជាពលរដ្ឋក្នុងតំបន់ និងសិស្សានុសិស្ស សរុបច្រើនជាង១០០០នាក់។ ក្នុងឱកាសនេះផងដែរ ដើមឈើជាង៨០០០ ដើម ដែលមានពូជផ្សេងៗចំនួន១៣ ប្រភេទនៅក្នុងតំបន់ ដូចជា៖ Crinum Lily, Spider Lily, Western Sword Fern និងប្រភេទផ្សេងៗទៀតត្រូវបានដាំនៅថ្ងៃតែមួយនេះ។
ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមបុត្រសម្ព័ន្ធរបស់អុីអនគ្រុប ក្រុមហ៊ុនអុីអន (ខេមបូឌា) ខូអិលធីឌី គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការបរិស្ថាននានាដែលផ្សារភ្ជាប់ជាមួយកម្មវិធីមូលនិធិបរិស្ថានរបស់ខ្លួន។ ក្រៅពីសកម្មភាពដាំដើមឈើ ក្រុមអុីអន ខេមបូឌា តែងតែរៀបចំកម្មវិធីបរិស្ថាន Clean & Green Day របស់ខ្លួនជាប្រចាំជារៀងរាល់ខែ ដោយអនុញ្ញាតឲ្យបុគ្គលិក ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញចូលរួមសកម្មភាពសម្អាតបរិស្ថាននៅជុំវិញហាងរបស់ខ្លួន។
*****
អំពីកម្មវិធី AEON Hometown Forests
ការបង្កើតបរិស្ថានដោយប្រើប្រាស់ “ដើមឈើក្នុងស្រុក” ចាប់ផ្ដើមនៅផ្សារទំនើបម៉ាទ្បាកា របស់អុីអនម៉ាទ្បេស៊ី ក្នុងឆ្នាំ១៩៩១ ហើយវាត្រូវបានអនុវត្តនៅជប៉ុននៅសាខាហាង JUSCO Shin Hisai (Mie Prefecture) ក្នុងខែមេសា ឆ្នាំ១៩៩២។ ចំនួនដើមឈើសរុបដែលបានដាំកំទ្បុងពេលយុទ្ធនាការ “Hometown and Forest Creation” និងដោយមូលនិធិបរិស្ថានរបស់អុីអន មានរហូតដល់១០លានដើមគិតត្រឹមឆ្នាំ២០២៣ ខាងមុខ។