ផ្សារទំនើប AEON បានប្រារព្ធពិធីប្រគល់អំណោយជាទឹកប្រាក់ជិត ៧ ពាន់ដុល្លារ ដល់អង្គការសមាគមន៍ក្នុងស្រុកចំនួន ២៤ ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២១ ។ កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២៤ រួមមាន អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា អង្គការ ស៊ីប៉ា អង្គការ មិត្តសំឡាញ់ អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា អង្គការ កុមារកម្ពុជាប្រឆាំង ទុរភិក្ស និង ហិង្សា សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង កុមារកំព្រា អង្គការ ក្ដីសង្ឃឹមនៃកុមារ អង្គការ នាំអនាគតទៅមុខ អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល អង្គការ បំបាត់ការឈឺចាប់គ្មានព្រំដែន មណ្ឌល កុមារដើម្បីសុភមង្គល អង្គការ ពន្លឺអនាគត អង្គការ អិនភីអូ សុបិន្តស្រ្តី ប្រូជីក អង្គការ មូលនិធិកុមារកម្ពុជា មូលនិធិ ដុនបូស្កូ កម្ពុជា អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ អង្គការ អ៊ី ណូដូ វិថីឆ្ពោះទៅកាន់សាលារៀន មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្ដុះបណ្ដាលធនធានមនុស្សនៃសកលវិឡាល័យសូហ្វីយ៉ា អង្គការ បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន អង្គការស្នាមញញឹមកម្ពុជា និងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។
គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។ ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។
លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា បានមានប្រសាសន៍ថា៖ យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ លោកក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២៤ អង្គការ។ យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃមុខជំនួញរបស់ខ្លួន។
លោក ភួង តុលា តំណាងអង្គការមិត្តសំឡាញ់ បានលើកទ្បើងផងដែរថា អង្គការមិត្តសំទ្បាញ់បានចូលរួមជាមួយយុទ្ធនាការវិកយបត្រពណ៌លឿងរបស់ផ្សារទំនើបអ៉ីអន អស់រយៈពេល៦ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីយុទ្ធនាការនេះបង្កើតទ្បើងដំបូង។ លោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ក្រុមហ៊ុនអ៉ីអន ខេមបូឌា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រសកម្មភាពរបស់អង្គការមិត្តសំទ្បាញ់កន្លងមកក៏ដូចជាគាំទ្រលើការងារសង្គមរបស់វិស័យអាជីវកម្ម ដែលកិច្ចសហការនេះមិនអាចខ្វះបាន។
គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៉ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!