ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ចែករំលែក:

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!